
ដីព្រៃលិចទឹកអចិន្ត្រៃយ៍ដែលជាទីជម្រកដល់ជីវចម្រុះនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានគេឈូសឆាយកាយប្រឡាយលើកទំនប់លាតសន្ធឹងទៅដល់មាត់សមុទ្រ បើតាមលោកមេឃុំថា ជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន Jet ឧកញ៉ា ស្រី ចាន់ថន នាំឱ្យពលរដ្ឋកើតឆ្ងល់ថា ជាគម្រោងអ្វីបានជាបំផ្លាញព្រៃឈើនៅជាប់មាត់សមុទ្រ ដែលគ្រប់គ្រងដោយគណៈកម្មការឆ្នេរដូចនេះ។ ហើយមានការអនុញ្ញតច្បាប់ឱ្យឈូសឆាយដែរឬទេ? សម្លេង

លោក អាង ទី មេឃុំជីខក្រោម បានឱ្យដឹងថា ការឈូសឆាយខាងលើជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន Jet ឧកញ៉ាស្រី ចាន់ថន ធ្វើផ្លូវទៅកោះខ្យង តែលោកពុំបញ្ជាក់អំពីច្បាប់អនុញ្ញាតឱ្យឈូសឆាយព្រៃនោះទេ។ សម្លេង
ចំណែកឧកញ៉ា ស្រី ចាន់ថន បានឱ្យ 1Post ដឹងថា ខ្លួនពុំបានដឹង និងឥតពាក់ព័ន្ធទេ មានតែកោះមួយចំនួននៅក្បែរនោះប៉ុណ្ណោះដែលលោកកំពុងដាក់ពាក្យស្នើសុំធ្វើការអភិវឌ្ឍន៍។ សម្លេង
លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ពុំបញ្ជាក់ទេលើករណីនេះ បន្ទាប់ពីទទួលសារសំណួរហើយ មិនតប។

វីដេអូឯកសារ 1post ទទួលបានពីមន្រ្តីអង្គការសង្គមស៊ីវិលក្នុងស្រុកធ្វើកិច្ចការប្រចាំតំបន់នោះបានឱ្យដឹងថា ទីតាំងខាងលើជាដីព្រៃលិចទឹកអចិន្ត្រៃយ៍ និងជាជម្រកដល់ត្រី ក្ដាម បង្គា ដែលអ្នកភូមិអាស្រ័យផលនេសាទតាំងពីយូរឡុងមកហើយ។ យ៉ាងណាមិញបើធ្វើអ្វីមួយលើទ្រព្យសាធារណៈរបស់រដ្ឋដោយសម្ដៅទៅលើឆ្នេរ ព្រៃកោងកាង គួរតែលើកប៉ាណូ ឬក៏ប្រាប់ពលរដ្ឋបានដឹងផងដើម្បីឱ្យអស់ឆ្ងល់ និងតម្លាភាព សុច្ចរិតភាព ថាតើយកទៅអភិវឌ្ឍន៍អ្វី បម្រើប្រយោជន៍អ្វី មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ? សម្លេង
បើតាមអនុក្រឹតលេខ ៩៨ របស់រាជរដ្ឋាភិបាល ត្រង់មាត្រា ៨ បានចែងថា ឆ្នេរនិងពាមសមុទ្រ កំណត់ចម្ងាយ ១០០ ម៉ែត្រគិតពីមាត់ឆ្នេរនិងមាត់ពាម (ពេលទឹកជោរអតិបរមា)។

ដោយឡែកករណីផ្សេងស្រដៀងគ្នានៅស្រុកស្រែអំបិលនេះដែរកន្លងទៅមានការឈូសឆាយទាំងបំពានលើដីតំបន់អភិរក្សអណ្ដើកលួងបម្រុងយកទៅបម្រើដល់អជីវកម្មឯកជន ឈូសបានសម្រេចហើយ ក្រោយបែកធ្លាយព័ត៌មានក៏ហាក់ស្ងាត់ទៅវិញ តែអ្នកដែលប្រព្រឹត្តនោះសាធារណៈជនពុំបានដឹងថាសមត្ថកិច្ច ឬ អាជ្ញាធរចាត់វិធានការផ្លូវច្បាប់យ៉ាងណានោះទេ បានជាឈ្មួញខ្លះមានងារជាឧកញ្ញានៅតែបន្តហ៊ានធ្វើមុនច្បាប់អនុញ្ញាតគ្រប់គ្រាន់ត្រឹមត្រូវនៅក្នុងដៃ៕ តាពេជ្រ
វីដេអូ៖

