
ច្រកព្រំដែនអចិន្ត្រៃយ៍ Ban Had Lek ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត បានស្ងប់ស្ងាត់ទាំងស្រុងកាលពីថ្ងៃទី២៤ ខែមិថុនា ដោយមិនមានរថយន្តដឹកជញ្ជូនទំនិញសូម្បីតែមួយ មិនដូចកន្លែងធម្មតាដែលរថយន្តដឹកទំនិញនឹងតម្រង់ជួររង់ចាំឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីដឹកជញ្ជូនទំនិញទៅខេត្តកោះកុង។ ជាមួយគ្នានេះ កុមារមកពីខេត្តកោះកុង កម្ពុជា នៅតែអាចឆ្លងទៅសិក្សានៅភាគីថៃបានជាធម្មតា ចាប់ពីម៉ោង ៦:០០ ព្រឹក ប៉ុន្តែឪពុកម្តាយមិនអាចឆ្លងកាត់បានទេ។

លោក ថាន់ ឆាត អ្នកបើកបររថយន្តដឹកអ្នកដំណើរ បាននិយាយថា អំឡុងពេលមុន ដែលកំណត់ម៉ោងបើក និងបិទថ្មី គឺគាត់នៅតែមានចំណូលខ្លះ។ ប៉ុន្តែពេលនេះភាគីទាំងសងខាងមិនព្រមចុះសម្រុងគ្នាទេ គឺគាត់បានបាត់បង់ចំណូល ១០០%។ បើប្រៀបធៀបទៅនឹងរយៈពេលកូវីដ នេះគឺអាក្រក់ជាង។

អ្នកស្រី ឡាដា អាយុ ៤៥ឆ្នាំ ជាអាជីវករជនជាតិថៃ ដែលប្រកបរបរលក់ដូរនៅភូមិចាំយាម ខេត្តកោះកុង បានមានប្រសាសន៍ថា ខេត្តកោះកុង ពេលនេះកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារហាងត្រូវបិទដោយគ្មានកំណត់ ធ្វើឱ្យខាតបង់ប្រាក់ចំណូលយ៉ាងច្រើន បើទោះជាបានវិនិយោគរាប់លានបាត និងបង់ពន្ធយ៉ាងទៀងទាត់ក៏ដោយ។ នេះបើតាមសារព័ត៌មាន Khaosod English

អ្នកស្រីសូមអង្វររដ្ឋាភិបាលថៃឱ្យចរចាជាបន្ទាន់ជាមួយកម្ពុជាដើម្បីរកដំណោះស្រាយដោយសន្តិវិធីរួមគ្នាព្រោះយើងជាប្រទេសជិតខាងរស់នៅជិតគ្នាគួររស់នៅជាមួយគ្នាដូចបងប្អូនបង្កើតគ្មានជម្លោះជូរចត់៕

